«យុគសម័យមាសទីបីនឹងមិនងាយកើតឡើង»
ដោយ សុខ វិសាល ផលិតករភាពយន្ត
The original article ‘The Third Cambodian Golden Age Will Never Happen‘ in English by Sok Visal, Film Maker
សុខ វិសាល អះអាងថា យុគសម័យមាសទីបីនឹងមិនងាយកើតឡើងបានទេ។ កម្ពុជាធ្លាប់មានយុគសម័យមាសសម្រាប់វិស័យសិល្បៈ និងវប្បធម៌ចំនួនពីរដងរួចមកហើយ។ គាត់បានចំណាយ ១៥ ឆ្នាំ ជឿថា វានឹងកើតឡើងម្តងទៀត ប៉ុន្តែ គាត់បានផ្លាស់ប្តូរគំនិតរបស់គាត់។
យុគសម័យមាសនៃសិល្បៈ និងវប្បធម៌ទីមួយ នេះបើយោងតាមលោក សុខ វិសាល គឺសម័យដ៏រុងរឿងនៃវប្បធម៌អង្គរ ដែលពិភពលោកឃើញថាជាអរិយធម៌ដែលរីកសាយភាយ ជះឥទ្ធិពលទៅលើវប្បធម៌ដទៃទៀត តាំងពីស្ថាបត្យកម្ម របាំ តន្រី្ត ចម្លាក់ អក្សរសិល្ប៍ ជាដើម ដែលសិល្បៈទាំងនេះគ្មានពីរនៅលើពិភពលោកនេះ។ ទាំងនេះ មិនមែនគ្រាន់តែ ជាសិល្បៈច្នៃប្រតិដ្ឋ ដែលជនជាតិខ្មែរមានប៉ុណ្ណោះទេ ប៉ុន្តែវាជាមធ្យោបាយជីវិត ជាជីវភាពរស់នៅធម្មតា ដែលវប្បធម៌ខ្មែររីកចម្រើនកាលពីសម័យនោះ។
យុគសម័យមាសនៃសិល្បៈ និងវប្បធម៌ទីពីរគឺ សម័យសង្គមរាស្រ្តនិយម ដែលទទួលឥទ្ធិពលពីលោកខាងលិច។ សម្តេចព្រះសីហនុ ជាតន្រ្តីករ អ្នកនិពន្ធបទភ្លេង ផលិតករភាពយន្ត ហើយព្រះអង្គបានគិតគូរ ឧបត្ថម្ភ បង្កឱកាសឱ្យសិល្បករអាចបញ្ចេញស្នាដៃសិល្បៈ ដោយមិនគ្រាន់តែអភិរក្សសិល្បៈបុរាណ និងប្រពៃណីប៉ុណ្ណោះទេ តែពួកគេអាចរុះរក បង្កើតគំនិតថ្មី ពួកគេធ្វើឱ្យមានសិល្បៈទម្រង់ថ្មីៗបានដោយសេរីថែមទៀតផង។ ក្នុងអំឡុងទសវត្សរ៍ ៥០ និង ៦០ ទីក្រុងភ្នំពេញបានប្រែក្លាយមុខមាត់ទៅជាទីក្រុងវប្បធម៌ដ៏រស់រវើកនៅអាស៊ី។ ជាទីក្រុងដែលឱបក្រសោបតន្រ្តីយ៉ាងណែនទៅក្នុងសរសៃឈាម និងបានលាយផ្សំបញ្ចូលគ្នារវាងតន្រ្តីខ្មែរ ជាមួយតន្រ្តីរ៉ក់ដ៏ពោរពេញទៅដោយថាមពល។ វិស័យភាពយន្តក៏រីកលូតលាស់ដូចផ្សិត រឿងខ្លះបញ្ចាំងបួន ប្រាំរោងកុន ពីរបីខែនៅតែមានមនុស្សទិញសំបុត្រទស្សនា។ ស្ថាបត្យកម្ម វិស័យកែច្នៃម៉ូតសម្លៀកបំពាក់ សុទ្ធតែមានអត្តសញ្ញាណខ្មែរ រួមទាំងវប្បធម៌នៃអភិជនថ្នាក់ខ្ពស់ និងបញ្ញវន្តក៏មិនធម្មតាដែរ។
ក្រោយមកសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង។
ទស្សនៈខាងលើនេះ មិនមែនជាការសរសេរចម្លងពីសៀវភៅ ឬជាអត្ថបទស្រាវជ្រាវ ឬជាសារបែបនយោបាយអី ក៏មិនមែនដែរ។ វាជាគំនិត និងការយល់ឃើញរបស់ វិសាល ផ្ទាល់។
គាត់ជឿថា នៅកម្ពុជា មានទេពកោសល្យ មានឱកាស និងមានសមត្ថភាព។ វាមិនមែនជាអ្វីដែលយើងត្រូវនាំចូលពីណាទេ ពោលគឺសម្លៀកបំពាក់របស់យើង ម្ហូបម្ហា ពិធីបុណ្យនានា ដែលសហគមន៍នានាប្រារព្ធឡើងជាទៀងទាត់។ វិសាលក៏សង្កេតឃើញដែរថា វប្បធម៌យើងក៏ទទួលឥទ្ធិពលពីវប្បធម៌ជាច្រើន ដែលកែច្នៃទាំងនោះ បូករួមនឹងវប្បធម៌ដើម បានក្លាយជាវប្បធម៌ថ្មីមួយ ដែលមានលក្ខណៈពិសេសដាច់ដោយឡែក។
វិសាលបានបញ្ជាក់ថា ពេលជាប់បង្កើតបទភ្លេទហ៊ីបហប់ជាមួយតន្រ្តីខ្មែរក្នុងទសវត្សរ៍ ៦០ និង៧០ វាមិនមែនជារបកគំហើញថ្មីទេ គាត់គ្រាន់តែបន្តវាប៉ុណ្ណោះ ហើយវាមានស្រាប់រួចហើយក្នុងវប្បធម៌ គាត់គ្រាន់តែថែមឧបករណ៍ថ្មី។
អំពើប្រល័យពូជសាសន៍បានកម្ទេច និងបំបាត់សិល្បៈវប្បធម៌ ស្ទើរតែទាំងស្រុង។ ប្រការនេះហើយ ដែលកម្ពុជានៅតែស្ថិតក្នុងស្ថានភាពប្រឹងតាម មិនមែនមានន័យថា យើងខ្វះទេពកោសល្យទេ។
ចំណុចសំខាន់មួយដែលវិសាលលើកឡើងគឺ ការសង្កេតអំពីការខិតខំវិនិយោគប្រកបដោយទស្សនវិស័យវែងឆ្ងាយនៃរដ្ឋាភិបាលកូរ៉េ វៀតណាម ថៃ ឥណ្ឌូនេស៊ី មកលើវិស័យវប្បធម៌របស់ពួកគេ។ លោកថា រដ្ឋាភិបាលយើងក៏មិនចង់រត់តាមគេរហូតដែរ តែយើងត្រូវការអ្វីខ្លះ ដើម្បីរួចរាល់?
វិសាលបានលើកឡើងអំពីផលមកពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋពីប្រទេសជាច្រើន និងបានលើកឡើងពី រដ្ឋាភិបាលថៃផងដែរ ដែលប្រទេសនេះ និងប្រទេសយើងមានវប្បធម៌រួមមួយយ៉ាងស៊ីជម្រៅ។ នៅទសវត្សរ៍ ២០០០ ប្រទេសថៃធ្វើឱ្យល្បីរន្ទឺពេញពិភពលោកអំពីស្បតពាណិជ្ជកម្មទូរទស្សន៍ ដែលបានទទួលពានរង្វាន់ Cannes Lions និងមហោស្រពពាណិជ្ជកម្មធំៗផ្សេងទៀត។ ជ័យលាភី និងការផ្សព្វផ្សាយវប្បធម៌ និង ទេពកោសល្យរបស់ថៃ មិនមែនកើតឡើងដោយចៃដន្យទេ វាជាលទ្ធផលដែលបានមកពីឧស្សាហកម្ម ច្នៃប្រតិដ្ឋ ដែលត្រូវបានអភិវឌ្ឍ វិនិយោគ និងគាំទ្រយ៉ាងខ្លាំងក្លា។ គ្រាន់តែវិស័យទេសចរណ៍ ក៏ថៃអាចទាញបានប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ វៀតណាមក៏កំពុងតែចាប់ផ្តើមក្នុងគោលដៅនេះដែរ។ គេកំណត់ទិសដៅច្បាស់ៗណាស់ ដូចជា ក្នុងឆ្នាំ ២០៣០ ឧស្សាហកម្មច្នៃប្រតិដ្ឋនឹងចូលរួមចំណែកក្នុង ផលិតផលក្នុងស្រុកសរុប (GDP) ដល់ ៧% និង ៩% នៅឆ្នាំ ២០៤៥។ រដ្ឋាភិបាលវៀតណាមបានសម្លឹងមើលឃើញសក្តានុពលដ៏ខ្លាំងក្លានៃវិស័យនេះច្បាស់ហើយ។ គេមិនដេកចាំនោះទេ!
យុគសម័យមាសនៃសិល្បៈ និងវប្បធម៌ទីបីនឹងមិនកើតឡើងបានទេ ប្រសិនបើយើងនៅតែចាត់ទុក សិល្បៈជាការកែកម្សាន្ត និងដើម្បីលម្អ អួតពីភាពរុងរឿងពីអតីតកាល ជាជាងការគិតគូរវែងឆ្ងាយ អំពីហេដ្ឋារចនាសម្ព័ន្ធ។
វានឹងមិនកើតឡើងបានទេ ប្រសិនបើគ្មានការវិនិយោគប្រកបដោយនិរន្តរភាព ពីរដ្ឋាភិបាល និងពីវិស័យឯកជន ពីដៃគូអន្តរជាតិមកលើឧស្សាហកម្មច្នៃប្រតិដ្ឋ៖ វគ្គបណ្តុះបណ្តាល ការនាំចេញទំនិញវប្បធម៌ និងការអភិវឌ្ឍសិល្បករ។
វានឹងមិនកើតឡើងដោយការរង់ចាំដៃគូពីវិស័យឯកជនដែលគ្រាំគ្រានឹងការរែកពុនទម្ងន់នៃការទទួលខុសត្រូវមួយនេះឡើយ។
វានឹងមិនអាចកើតឡើងបានទេ ប្រសិនបើសង្គមកម្ពុជានៅតែបន្តមើលឃើញថា អាជីពសិល្បៈមិនមែនជាអាជីពពិតប្រាកដ ជំនួសឱ្យការមើលឃើញថាពួកគេជាពលរដ្ឋសកម្ម ជាពលរដ្ឋចូលរួមរក្សាអត្តសញ្ញាណវប្បធម៌កម្ពុជា និងអ្នកទាញយកសេដ្ឋកិច្ចជូនជាតិផងដែរ។
ទេពកោសល្យក៏មាន។ វប្បធម៌ច្នៃប្រតិដ្ឋក៏មាន។ ភាពអត់ឃ្លានក៏មានដែរ។ អ្វីដែលគ្មានវត្តមាននោះគឺការសម្រេចចិត្តនៅគ្រប់កម្រិត ការសម្រេចចិត្តដែលចាត់ទុកវប្បធម៌ជាឧបករណ៍យុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាព។
យុគសម័យមាសនៃសិល្បៈ និងវប្បធម៌ទីបីអាចកើតឡើងបានដោយសារការអភិវឌ្ឍ ហើយសិល្បករដែលនៅខាងមុខនឹងកិច្ចការនេះមិនត្រូវការស្នើសុំការអនុញ្ញាតិក្នុងការធ្វើការងារទាំងនេះទេ។
ប្រសិនបើយុគសម័យមាសនៃសិល្បៈ និងវប្បធម៌ទីបីមិនត្រូវបានគេអភិវឌ្ឍទេ សិល្បករនឹងនៅតែបន្តសម្តែងកម្សាន្តលម្អឱ្យក្រុមហ៊ុនស្រាបៀរហ្នឹងឯង។
អត្ថបទនេះគឺជាការបកប្រែសង្ខេបពីអត្ថបទដើមរបស់ លោក សុខ វិសាល។
មានភាគពីរបន្តទៀត!