«យុគសម័យមាសទីបីនឹងមិនងាយកើតឡើងទេ» ភាគ២
ដោយលោក សុខ វិសាល ផលិតករភាពយន្ត
The original article ‘The Third Cambodian Golden Age Will Never Happen (Part II)‘ in English by Sok Visal
បន្ទាប់ពីបង្ហោះអត្ថបទទីមួយ «យុគសម័យមាសទីបីនឹងមិនងាយកើតឡើង» លោកសុខ វិសាល ផលិតករភាពយន្ត បានទទួលប្រតិកម្មតបយ៉ាងច្រើន ដែលគាត់មិនបានរំពឹងទុក។ ភាគច្រើន គេបានសួរគាត់ថា «អ៊ីចឹង តើទិសដៅគួរទៅណា?»។ គាត់បានបញ្ជាក់ពីជំហរជាថ្មីរបស់គាត់ ដែលថា គាត់ជាផលិតករ អ្នកផលិតភាពយន្ត អ្នករៀបចំមហោស្រព និងកម្មវិធីសិល្បៈ និងមិនមែនជាអ្នកនយោបាយទេ អ្វីដែលគាត់មានគឺបទពិសោធ ដែលញាំងឱ្យគាត់មានគំនិតបែបនេះលើកឡើង។
មិនមែនគួរតែដើរតាមគេនោះទេ!
វិសាលបានលើកឡើងថា ទោះជាកូរ៉េ ថៃ …រីកចម្រើនហើយក៏ដោយ មានគំរូហើយក៏ដោយ ក៏មិនគួរធ្វើតាមគេទេ ដោយសារប្រទេសនីមួយៗមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា។ គាត់បានលើកទឹកចិត្តឱ្យសិក្សាពីប្រទេសវៀតណាម ដោយសារជាប្រទេសជិតខាង ហើយទើបតែ ចាប់ផ្តើម។ វៀតណាមប្រកាសអំពីយុទ្ធសាស្រ្ត 2030-2025 សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ដែលយុទ្ធសាស្រ្តនេះមិនមែនជាយុទ្ធសាស្រ្តរបស់វិស័យឯកជនទេ វាជាយុទ្ធសាស្រ្តសាធារណៈថ្នាក់ជាតិ។ វាជាចលនារបស់ជាតិទាំងមូល ដែលធ្វើដំណើរទៅទាំងព្រមតំណាលគ្នាក្នុងទិសដៅតែមួយ។ ពួកគេចាប់ផ្តើមពីអ្វីដែលពួកគេមាន ដែលយើងគួរសិក្សាឱ្យបានស៊ីជម្រៅ។
ខុសពីថៃ និងវៀតណាម ដែលវប្បធម៌ និងវប្បធម៌ច្នៃប្រតិដ្ឋរបស់ពួកគេ មិនដែលត្រូវបានរំខានដោយព្រឹត្តិការណ៍អ្វីមួយឡើយ ដូចនេះគេអាចចាប់ផ្តើមពីអ្វីដែលគេមាន។ កម្ពុជាខុសពីគេ វប្បធម៌ពួកយើងត្រូវបានបង្អាក់ បំផ្លាញ រំខាន ដូចនេះយើងសឹងតែត្រូវចាប់ផ្តើមពីបាតដៃទទែ។ យើងគួរតែមានបេសកកម្មដាច់ដោយឡែក ទោះបីជាយើងមានបំណង និងទិសដៅដូចគ្នាក៏ដោយ។
រូបរាងនៃទិសដៅ
វិសាលបានគិតដល់ទិសដៅដែលឧស្សាហកម្មច្នៃប្រតិដ្ឋគួរមាន តើគួរតែមានរចនាសម្ព័ន្ធបែបណា និងគួរផ្តោតលើអ្វី។ សម្រាប់អត្ថបទនេះ គាត់បានហៅរចនាសម្ព័ន្ធនេះថា ភ្នាក់ងារជាតិកម្ពុជាវប្បធម៌ និងច្នៃប្រតិដ្ឋ (បកប្រែក្រៅផ្លូវការ) National Creative and Cultural Industries Agency ដែលគួរតែផ្តោតលើវិស័យចំនួន ៩ ដែលមាន ភាពយន្ត, តន្រ្តី, កីឡា, សិល្បៈម្ហូប, សិល្បៈ, ព្រឹត្តិការណ៍ និងមហោស្រព, ទេសចរណ៍ និងទំនាក់ទំនងអន្តរជាតិ។ (សូមបើកវង់ក្រចកអំពី សមាគមស៊ីកាដា បានលើកស្នើ ១១ វិស័យ។ សូមចុចទីនេះ ដើម្បីអានឯកសារពិគ្រោះអំពីនិយមន័យនៃវិស័យវប្បធម៌ និងច្នៃប្រតិដ្ឋនៃកម្ពុជា)។ វិសាលបានបញ្ចាក់ថា វិស័យទាំងនេះសុទ្ធតែមានពាក់ព័ន្ធនឹងគ្នា មិនអាចបំបែកពីគ្នាទេ។
ការកកើតឡើងវិញ និងការកសាងឡើងវិញ ដែលជាទិសដៅច្នៃប្រតិដ្ឋ មិនមែនគ្រាន់តែជាយុទ្ធសាស្រ្តនោះទេ
អ្វីដែលសំខាន់សម្រាប់កម្ពុជាគឺរឿងរ៉ាវផ្ទាល់របស់កម្ពុជា ដែលគ្មានប្រទេសណានៅអាស៊ីអាគ្នេយ៍នេះ មានទេ។ រឿងរ៉ាវដែលយើងប្រាប់ទៅពិភពលោកភាគច្រើនគឺការកសាងឡើងវិញនូវអ្វីដែលបាត់បង់ ដែលពិភពលោកដឹងតែលើរឿង ការបំផ្លិញបំផ្លាញ, វិនាសកម្ម, និងការឈឺចាប់។
ការកកើតឡើងវិញ និងការកសាងឡើងវិញ គឺជាទិសដៅច្នៃប្រតិដ្ឋដែលប្រាប់ពីរឿងរ៉ាវទាំងមូល។ រឿងរ៉ាវដែលផ្សារភ្ជាប់នូវតំណនៃវិស័យទាំងអស់នេះ។ ឧទាហរណ៍៖ ភាពយន្តដែលឆ្លុះបញ្ចាំងពីការ កសាងឡើងវិញ។ តន្រ្តីដែលបង្ហាញពីយុគសម័យមាស ដែលបានបំផ្លែងទៅជាតន្រ្តីសហសម័យ។ ព្រឹត្តិការណ៍ដែលអបអររំឭកដល់អ្វីដែលនៅរស់រាន និងពីអ្វីដែលបានកសាងឡើងវិញ។ ទំនិញវប្បធម៌ នាំចេញដែលបង្ហាញប្រាប់ពិភពលោកថា៖ កម្ពុជាមិនមែនគ្រាន់តែជាកន្លែងដែលដិតដាមដោយភាពឈឈចាប់ពីអតីតកាលប៉ុណ្ណោះទេ។ តែជាកន្លែងដែលមានថាមពលដ៏អស្ចារ្យនៃការតស៊ូរស់រាន និងភាពច្នៃប្រតិដ្ឋ។
កម្ពុជាជាទីកន្លែងនៃវប្បធម៌រស់
កាលពីវគ្គទីមួយ វិសាលបានលើកឡើងអំពីទេសចរដែលមិនមកលេងត្រឹមសៀមរាប ឬក៏មកលេងនៅភ្នំពេញតែមួយថ្ងៃ ខណៈដែលពួកគេខកខានមិនបានទៅលេងទីតាំងល្អៗផ្សេងទៀត។ ដូចនេះ វិសាលបានបញ្ជាក់ថា ប្រទេសកម្ពុជាគួរតែប្រែក្លាយជាទីតាំងវប្បធម៌រស់។ គ្រប់ក្រុងគួរតែមានព្រឹត្តិការណ៍ និងមហោស្រពនានា តន្រ្តី ពិព័រណ៍ វិចិត្រសាល សារៈមន្ទីរពិសោធសិល្បៈ និងវប្បធម៌ កន្លែងហាត់សម កម្មវិធីសិក្សា ដែលផ្តល់ឱកាសដល់សិល្បករអន្តរជាតិមកកម្ពុជា ម្ហូបដែលជាមរតក ដែលលើសពីប្រាសាទ និងសារៈមន្ទីរប្រល័យពូជសាសន៍។ កម្ពុជាមានធនធានទាំងអស់នេះរួចហើយ។
វប្បធម៌ដើម ដែលគ្មាននរណាដោះស្រាយ
អត្តសញ្ញាណវប្បធម៌របស់កម្ពុជា ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមរបបខ្មែរក្រហម ដែលបានបំផ្លាញសិល្បករ ស្ថាប័ន និងអង្គចងចាំវប្បធម៌។ បន្ទាប់ពីឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាត្រូវបានដាច់ចេញពីពិភពលោក និងការស្តារឡើងវិញក្រោយឆ្នាំ ១៩៩៣ បានផ្តោតលើស្ថាបត្យកម្ម និងសេវាសាធារណៈជាមុនសិន។ ការខ្វះអ្នកជំនាញ និងបណ្តាញអន្តរជាតិ បានធ្វើឱ្យកម្ពុជាមិនអាចការពារអត្តសញ្ញាណវប្បធម៌របស់ខ្លួន ខណៈដែលប្រទេសជិតខាងបន្តការផ្សព្វផ្សាយវប្បធម៌របស់ពួកគេ។
ក្នុងស្ថានភាពនោះ ទំនៀមទម្លាប់ និងរចនាបថខ្មែរជាច្រើន ត្រូវបានយល់ច្រឡំថាជារបស់ប្រទេសផ្សេង ហើយការយល់ច្រឡំនេះកាន់តែរឹងមាំតាមពេលវេលា។ ដើម្បីឆ្លើយតប នាយកដ្ឋានជាតិអត្តសញ្ញាណវប្បធម៌ និងបណ្ណសារ (NCCIA) ត្រូវបានបង្កើតឡើង ដើម្បីកត់ត្រាមរតកវប្បធម៌ បង្កើតបណ្ណសារសាធារណៈ និងផ្តល់ការគាំទ្រដល់សិល្បករ។ គោលបំណងគឺមិនមែនជាការប្រឆាំងទេ ប៉ុន្តែជាការការពារវប្បធម៌ ដើម្បីឱ្យកម្ពុជាអាចនិយាយដោយខ្លួនឯង និងទាមទារកេរ្តិ៍ឈ្មោះវប្បធម៌ខ្មែរឡើងវិញ។
អាណិកជន
កម្ពុជាមានអាណិកជនច្រើនពេញពិភពលោក តែទិសដៅច្នៃប្រតិដ្ឋមិនគួរពឹងផ្អែកលើពួកគេ ដែលមិន មែនជាអ្នករស់នៅទីនេះនោះទេ។ តែពួកគេជានាំសារដ៏ល្អ។ ពួកគេអាចធ្វើឱ្យមានចំណាប់អារម្មណ៍មក លើសិល្បៈវប្បធម៌កម្ពុជាបាន។ ដូចនេះ NCCIA គួរតែគិតគូររាប់បញ្ចូលទំនាក់ទំនងអន្តរជាតិ ដែលអាណិកជនអាចជាអ្នកនាំសារដ៏មានប្រសិទ្ធិភាព។
គំរូសាធារណៈ និងឯកជន
ស្ថាប័នសាធារណៈនៃសេដ្ឋកិច្ចវប្បធម៌ និងច្នៃប្រតិដ្ឋ មិនអាចធ្វើការងារនេះបានសម្រេចតែម្នាក់ឯងបានទេ រីឯវិស័យឯកជនក៏មិនអាចទៅរួចដែរ។ ទម្រង់គំរូដែលវិសាលដាក់មកនោះគឺ៖ រដ្ឋាភិបាលជាអ្នកផ្តួចផ្តល់អណ្តតិនៃទិសដៅនេះ ទម្លាក់ថវិកា និងផ្តល់ការគាំទ្រ តាមដានការអនុវត្តយ៉ាងទៀងទាត់។ ដៃគូទាំងពីរធ្វើការជាមួយគ្នាដែលស្មើភាព មិនមែនមួយគ្រប់គ្រងមួយនោះទេ តែជាដៃគូបង្កឱកាស គាំទ្រ ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធិភាព។
អ្វីដែលវិសាលលើកឡើងគឺជាទិសដៅ មិនមែន និងមិនទាន់ជាផែនការយុទ្ធសាស្រ្តនោះទេ។ គាត់លើកឡើងពីទិសដៅនេះតាមការសង្កេតក្នុងនាមជាអ្នកដឹកនាំវប្បធម៌ម្នាក់។ កម្ពុជាជាប្រទេសតូច និងងាយរងគ្រោះពិតមែន ប៉ុន្តែយើងមានសក្តានុពល។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងត្រូវការធនធានមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ និងមានការអត់ធ្មត់ ដើម្បីដឹកនាំ គាំទ្រ បង្កើតឱកាសឱ្យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋលូនទៅមុខតាមតថភាព ធនធាន រឿងរ៉ាវផ្ទាល់របស់កម្ពុជា។
អត្ថបទនេះ គឺជាការបកប្រែសង្ខេបពីអត្ថបទដើមរបស់ លោក សុខ វិសាល។
អានការបកប្រែសង្ខេបភាគ១៖ https://www.cicadakh.org/en/2026/05/22/summary-the-third-cambodian-golden-age-will-never-happen-part-1/
មានភាគបី (៣) បន្តទៀត!