ការវិភាគពីផលជះត្រលប់នៃមហោស្រពសិល្បៈវប្បធម៌ដល់សេដ្ឋកិច្ចក្នុងស្រុក

អត្ថបទជាភាសាអង់គ្លេសដោយ៖ April Lim, Fulbright Research Fellow, ’24-’25
សម្រួលបកប្រែជាភាសាខ្មែរ៖ ក្រុមការងារស៊ីកាដា
មហោស្រព ឬពិធីបុណ្យសិល្បៈ គឺជាការទាក់ទាញដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ហើយអាចប្រមូលផ្ដុំមនុស្សជាច្រើនពីជុំវិញពិភពលោកដែលចង់ទទួលបានបទពិសោធន៍សិល្បៈ និងការកម្សាន្ត។ មហោស្រពសិល្បៈ ផ្ដល់ផលជះវិជ្ជមានយ៉ាងសំខាន់លើសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតការងារ ជំរុញអាជីវកម្មក្នុងស្រុក និងជំរុញការចូលរួមជាស្មារតីសហគមន៍។ កត្តាទាំងនេះរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសង្គមនៃទីក្រុង ឬទីប្រជុំជននៃប្រទេសនោះ។ មហោស្រព George Town នៅក្នុងទីក្រុង George Town រដ្ឋប៉េណាង ប្រទេសម៉ាឡេស៊ី គឺជាឧទាហរណ៍មួយដែលបង្ហាញថា ពិធីបុណ្យអាចមានឥទ្ធិពលវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ចក្នុងតំបន់ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ជាមួយនឹងកំណើនសេដ្ឋកិច្ចរយៈពេលវែង។
មហោស្រព George Town
មហោស្រព George Town គឺជាព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ មានគោលបំណងលើកកម្ពស់បេតិកភណ្ឌ និងការអប់រំសិល្បៈ លើកទឹកចិត្តដល់កិច្ចសន្ទនាសហគមន៍ ជំរុញទំនាក់ទំនងអន្តរជាតិសម្រាប់ប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើតជាវេទិកាមួយដើម្បីចូលរួម និងអបអរសាទរភាពចម្រុះជាតិសាសន៍ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ីផងដែរ។ ពិធីបុណ្យប្រចាំឆ្នាំមួយនេះ ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១០ ដើម្បីអបអរសាទរការចុះបញ្ជីទីក្រុង George Town ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ប៉ុន្មានឆ្នាំមកនេះ មហោស្រព George Town បានបន្តរីកចម្រើនទាំងទំហំ និងគុណតម្លៃ។ ក្នុងឆ្នាំ ២០១៤ មហោស្រពនេះត្រូវបានគេប៉ាន់ស្មានថាមានគុណតម្លៃទំនាក់ទំនងសាធារណៈ ១១,៣ លាន RM។ ក្នុងឆ្នាំ ២០១៧ ចំនួននៃគុណតម្លៃនោះស្ទើរតែកើនឡើងបីដងដល់ ៣៣,៦ លាន RM (Sidek, 2017)។
នៅឆ្នាំ ២០២៤ មហោស្រពនេះបានទាក់ទាញអ្នកចូលរួមជាង ១០ ម៉ឺននាក់ ជាមួយនឹងកម្មវិធីសិល្បៈចម្រុះជាង ៨០ ដែលបានបង្ហាញនូវវត្តមានសិល្បករទាំងក្នុងស្រុក និងអន្តរជាតិ។ មហោស្រពនេះមានគោលបំណងក្លាយជាវេទិកាមួយសម្រាប់សិល្បករទាំងអស់បង្កើនទំនាក់ទំនង និងកិច្ចសហការឱ្យកាន់តែរឹងមាំ។ នៅឆ្នាំ ២០២៤ មានសិល្បករមកពីប្រទេសឥណ្ឌូនេស៊ី ថៃ តៃវ៉ាន់ អេស្ប៉ាញ អូស្ត្រាលី ជប៉ុន លីទុយអានី ប៊ុលហ្គារី កូឡុំប៊ី សិង្ហបុរី សហរដ្ឋអាមេរិក វៀតណាម ចិន និងឥណ្ឌា (Bernama, 2024)។
ការគាំទ្ររបស់រដ្ឋាភិបាល
George Town Festival 2025 គឺជាគម្រោងមួយបង្កើតឡើងដោយ George Town World Heritage Incorporated (GTWHI) ដែលរៀបចំដោយ TLM Event គាំទ្រដោយរដ្ឋាភិបាលនៃរដ្ឋប៉េណាង (The Penang State Government) និងការិយាល័យ EXCO រដ្ឋប៉េណាង សម្រាប់ទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ (The Penang State EXCO Office for Tourism and Creative Economy or PETACE)។ មហោស្រពនេះត្រូវបានគាំទ្រយ៉ាងពេញលេញដោយក្រុមប្រឹក្សាក្រុងនៃកោះប៉េណាង (City Council of Penang Island or MBPP) និង Penang Global Tourism (PGT) (Incorporated, 2025) ។
ឱកាស
ដោយយោងតាមប្រទេសម៉ាឡេស៊ីជាគំរូ កម្ពុជាមានឱកាសដ៏ធំក្នុងការអភិវឌ្ឍន៍បន្ថែមទៀតនូវឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់ខ្លួនតាមរយៈបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងចំនួនប្រជាជនដែលកំពុងកើនឡើង។ ឧស្សហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជា គឺជាទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស និងមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយ ដែលប្រសិនបើមានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា នោះនឹងអាចជួយក្នុងការបង្កើនពិពិធភាពសេដ្ឋកិច្ចរបស់កម្ពុជា។ មហោស្រពសិល្បៈប្រចាំឆ្នាំក៏ជាឱកាសសម្រាប់បង្កើនទំនាក់ទំនងវិជ្ជមានរវាងកម្ពុជា និងប្រទេសជិតខាងផងដែរ ដែលជួយជំរុញលទ្ធភាពទេសចរណ៍វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ផលជះត្រលប់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង
បើទោះបីជាយើងអាចមើលឃើញជាក់ស្ដែងនូវផលជះជាវិជ្ជមានភ្លាមៗនៃមហោស្រពសិល្បៈទៅលើសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ផលជះរយៈពេលវែងទៅលើសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងមូលគឺអាចកាន់តែខ្ពស់ជាងនេះ។ មហោស្រពសិល្បៈអាចជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈកត្តាសំខាន់ៗចំនួនបី៖
១. កំណើនទេសចរណ៍៖ មហោស្រពសិល្បៈអាចជួយរៀបចំបង្កើតទីក្រុងឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ទាក់ទាញភ្ញៀវទេសចរដែលធ្លាប់មកទស្សនាកម្ពុជាពីមុនៗឱ្យត្រលប់មកម្ដងទៀត និងបង្កើតឱកាសទេសចរថ្មីៗបន្ថែមទៀតជារៀងរាល់ឆ្នាំ។ ដោយសារប្រទេសកម្ពុជាសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ មហោស្រពប្រចាំឆ្នាំដែលបង្ហាញពីទម្រង់សិល្បៈវប្បធម៌ប្រពៃណី និងសហសម័យចម្រុះរបស់ប្រទេសនេះអាចទាក់ទាញទាំងទេសចរជាតិ និងអន្តរជាតិ។
២. ការអភិវឌ្ឍន៍សហគមន៍៖ មហាស្រពសិល្បៈអាចបង្កើតគំនិតផ្តួចផ្តើមដើម្បីកែលម្អ និងជំរុញការចូលរួមរបស់សហគមន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍ទាំងមូល។ ប្រការនេះនឹងអាចលើកកម្ពស់គុណភាពនៃការរស់នៅរបស់អ្នកក្នុងតំបន់ និងទាក់ទាញអ្នកចំណូលថ្មី ឬអាជីវកម្មថ្មីៗ។ ដូចដែលបានមើលឃើញជាគម្រូ តាមរយៈការកែលម្អ និងរៀបចំក្រុងសៀមរាបដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឬការរៀបចំពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។
៣. កំណើនអាជីវកម្ម៖ អាជីវកម្មក្នុងស្រុកអាចទទួលបានអត្ថប្រយោជន៍នៃកំណើនរយៈពេលវែងពីការចំណាយរបស់ភ្ញៀវទេសចរទាក់ទងនឹងពិធីបុណ្យ ដែលនាំឱ្យមានការបង្កើនការវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងតំបន់។ មហោស្រពប្រចាំឆ្នាំនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជានឹងជំរុញឱ្យមានការរីកចម្រើនក្នុងវិស័យបដិសណ្ឋារកិច្ច ការដឹកជញ្ជូន និងវិស័យផ្សេងៗជាច្រើនទៀត កំឡុងពេលដែលអ្នកចូលរួមមកស្នាក់នៅសម្រាប់ព្រឹត្តិការណ៍មហោស្រពរយៈពេលមួយសប្តាហ៍។
តាមរយៈការវិនិយោគ និងគាំទ្រដល់ពិធីបុណ្យវប្បធម៌ ឬមហោស្រពនានា រដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់ព្រឹត្តិការណ៍ទាំងនេះ ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមយូរអង្វែងនៅក្នុងតំបន់ដែលបានជ្រើសរើស។
សេចក្តីសន្និដ្ឋាន
ពិធីបុណ្យ ឬមហោស្រពសិល្បៈដែលទទួលបានជោគជ័យមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចក្នុងតំបន់ ដោយផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលលើសតែពីការប្រារព្ធពិធី។ មហោស្រពដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកលូតលាស់ និងអភិវឌ្ឍតំបន់នៃម្ចាស់ផ្ទះរបស់ខ្លួន ដោយទាក់ទាញភ្ញៀវថ្មី និងចាស់ត្រលប់មកវិញ បង្កើតឱកាសការងារ និងជំរុញទំនាក់ទំនងសហគមន៍។ ប្រការដែលពិសេសគឺ ការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុដល់មហោស្រពសិល្បៈ និងវប្បធម៌ គឺបានបំពេញកតាព្វកិច្ចជួយផ្តល់ជូនដល់ប្រជាជនឱ្យបានទទួលបទពិសោធន៍សិល្បៈនិងវប្បធម៌កាន់តែប្រសើរ។
ការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាល បូកផ្សំនឹងការរៀបចំផែនការត្រឹមត្រូវ កម្ពុជាអាចចាប់ផ្តើមមើលឃើញការរីកចម្រើននៃវិស័យទេសចរណ៍ កំណើនចំណាប់អារម្មណ៍បេតិកភណ្ឌវប្បធម៌ និងការកើនឡើងការវិនិយោគឡើងវិញមកលើអាជីវកម្មក្នុងស្រុកតាមរយៈមហោស្រពសិល្បៈប្រចាំឆ្នាំ។ ការគាំទ្រអាចធ្វើឡើងតាមរយៈការផ្តល់ថវិកា ឬមូលនិធិ ដើម្បីសហគមន៍សិល្បៈអាចដាក់ពាក្យស្នើសុំតាមលក្ខណៈប្រកួតប្រជែងដោយមានតម្លាភាព ដើម្បីពួកគេមានលទ្ធភាពប្រើប្រាស់ធនធានទាំងនោះ និងអាចរៀបចំមហោស្រពនានាដូចជាទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ។ ប្រសិនបើប្រទេសកម្ពុជាជ្រើសរើសគាំទ្រព្រឹត្តិការណ៍ទាំងនេះជាអាទិភាព យើងនឹងមើលឃើញមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍន៍សម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចច្នៃប្រតិដ្ឋ និងវប្បធម៌នៃកម្ពុជា។
ឯកសារយោង
Bernama. (2024, July 19). George Town Festival Attracts 100,000 Visitors Annually. Retrieved from Bernama: https://bernama.com/en/news.php?id=2319648
Incorporated, G. T. (2025). REQUEST FOR PROPOSAL FOR FESTIVAL MANAGEMENT AND PRODUCTION FOR GEORGE TOWN FESTIVAL 2025 AND 2026. Penang, Malaysia.
Sidek, J. (2017). Revising and Revitalising a UNESCO World Heritage City. Penang: George Town Festival. Retrieved from https://www.mccy.gov.sg/-/media/Mccy-Ca/Feature/Resources/Conference-Papers/Reviving-and-Revitalising-Conference-Publication-Individual/6-Joe-Sidek.pdf